ក្រុមការងារអង្គការអភិរក្សសត្វព្រៃ (WCS) បានប្រទះឃើញកូនក្រពើត្រីចំនួន១៥ក្បាលដែលទើបនឹងញាស់ នៅក្នុងបឹងធម្មជាតិមួយក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។ នៅសេចក្តីប្រកាសព័ត៌មានរបស់អង្គការ WCS ចុះថ្ងៃទី១០ បានឱ្យដឹងថា ក្រុមការងារការពារសំបុកក្រពើត្រី បានប្រទះឃើញកូនក្រពើត្រីចំនួន១៥ក្បាល ដែលកូនក្រពើនីមួយៗមានប្រវែងប្រហែល៣០សង់ទីម៉ែត្រ កំពុងហែលនៅក្នុងបឹងធម្មជាតិក្នុងតំបន់ដីសើមដែលជាទីជម្រកដ៏សំខាន់មួយរបស់ក្រពើប្រភេទនេះ។
សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា ដោយសារក្នុងឆ្នាំនេះមានភ្លៀងធ្លាក់តិច បឹងនៅក្នុងតំបន់ដីសើមនេះកាន់តែរាក់ទៅៗ ដែលធ្វើឱ្យប៉ះពាល់ដល់ទីជម្រករបស់វា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ អង្គការ WCS បានបញ្ជាក់ថា «ក្រពើត្រីកំពុងប្រឈមទៅនឹងកត្តាគំរាមកំហែងជាច្រើនដូចជាការបាត់បង់ទីជម្រក និងការប្រមាញ់ខុសច្បាប់លើក្រពើជំទង់ និងការប្រមូលយកកូនតូច និងពងរបស់វាទៅលក់ឱ្យកសិដ្ឋានចិញ្ចឹមក្រពើនៅក្នុងប្រទេសកម្ពុជា វៀតណាម និងថៃ»។
បើតាមអង្គការ WCS ក្រពើត្រី ត្រូវបានកត់ត្រាចូលក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតផុតពូជបំផុតនៅលើពិភពលោក។ WCS អះអាងថា អ្នកវិទ្យាសាស្រ្តបានរកឃើញវត្តមានរបស់វានៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ក៏ប៉ុន្តែបច្ចុប្បន្នវត្តមានរបស់ក្រពើប្រភេទនេះស្ទើរតែផុតពូជនៅក្នុងប្រទេសវៀត និងថៃ និងមាននៅសេសសល់តិចតួចក្នុងប្រទេសឡាវនិងឥណ្ឌូនេស៊ី។ WCS អះអាងទៀតថា តាមការសិក្សាស្រាវជ្រាវកន្លងមក គេសង្កេតឃើញ វត្តមានសត្វប្រភេទនេះប្រហែលជា ៥ ០០០ក្បាល នៅក្នុងប្រទេសកម្ពុជា ដែលចាត់ទុកថា ជាចំនួនមួយច្រើនជាងប្រទេសដទៃទៀត៕SP